ជាមោទនភាពដ៏ធំធេងមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានទទួលស្គាល់ជាផ្លូវការ និងទទួលបានចំណាត់ថ្នាក់ជា "អាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក" ប្រចាំឆ្នាំ២០២៦។
យោងតាមការប្រកាស និងការវាយតម្លៃដោយស្ថាប័នអន្តរជាតិ Skytrax នៅក្នុងកម្មវិធីពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ (Skytrax World Airport Awards 2026) កិត្តិនាមដ៏កម្រនេះ គឺទទួលបានតាមរយៈការវាយតម្លៃយ៉ាងតឹងរ៉ឹងទៅលើចំណុចសំខាន់ៗចំនួនបីរួមមាន៖
- សេវាកម្មអាកាសយានដ្ឋាន៖ ផ្តោតលើគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្តល់ជូនដល់អ្នកដំណើរប្រកបដោយស្តង់ដារកម្រិតខ្ពស់។
- សេវាកម្មបុគ្គលិក៖ វាយតម្លៃលើភាពរួសរាយរាក់ទាក់ ក្រមសីលធម៌ វិជ្ជាជីវៈ និងការបំពេញការងារដ៏ល្អប្រសើររបស់បុគ្គលិកគ្រប់ផ្នែកនៅអាកាសយានដ្ឋាន។
- បទពិសោធរបស់អ្នកដំណើរ៖ វាស់ស្ទង់ពីភាពងាយស្រួល សុវត្ថិភាព និងការពេញចិត្តទូទៅរបស់អ្នកដំណើរទាំងអស់ ចាប់តាំងពីជំហានដំបូងនៃការមកដល់ រហូតដល់ការចាកចេញ។

ការទទួលបានចំណាត់ថ្នាក់ដ៏ខ្ពស់ត្រដែតនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយមុខមាត់វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។