បញ្ហាកង្វះខាត និងការចំណាយពេលរង់ចាំគ្រឿងបន្លាស់យូរក្រោយពេលរថយន្តមានបញ្ហា គឺជាក្តីកង្វល់ និងជាចំណុចដ៏ឈឺក្បាលបំផុតមួយ របស់ម្ចាស់រថយន្តទូទៅ ដែលតែងតែធ្វើឲ្យខាតបង់ទាំងពេលវេលា និងរាំងស្ទះដល់ការធ្វើដំណើរប្រចាំថ្ងៃ។ ដើម្បីឆ្លើយតប និងលុបបំបាត់បញ្ហាដ៏រ៉ាំរ៉ៃមួយនេះទាំងស្រុង ក្រុមហ៊ុន BYD Cambodia បានប្រកាសជាផ្លូវការនូវគម្រោងបោះទុនរាប់លានដុល្លារ សាងសង់ «មជ្ឈមណ្ឌលឃ្លាំងស្តុកគ្រឿងបន្លាស់» ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

706237691 1446550360820508 4555735933983264108 N.jpg

យោងតាមការប្រកាសផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ BYD Cambodia កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននឹងបោះទុនវិនិយោគសរុបចំនួន ៦លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលស្តុកគ្រឿងបន្លាស់នេះឡើង ដែលមានផ្ទៃដីធំទូលាយរហូតដល់ទៅជាង ៥,០០០ ម៉ែត្រការ៉េ។ គម្រោងដ៏មានសារៈសំខាន់នេះ គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ នេះតែម្តង។

នៅពេលដែលមជ្ឈមណ្ឌលឃ្លាំងស្តុកគ្រឿងបន្លាស់នេះលេចចេញជារូបរាង ក្រុមហ៊ុនបានអះអាងថានឹងមានសមត្ថភាពអាចផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តបានក្នុងអត្រាស្ថិរភាពរហូតដល់ទៅ ៩៩%។ អ្វីដែលកាន់តែពិសេសនោះ គឺល្បឿននៃការឆ្លើយតប និងដឹកជញ្ជូន ដែលត្រូវបានបែងចែកជាពីរគោលដៅធំៗ៖

  • តំបន់រាជធានីភ្នំពេញ៖ គ្រឿងបន្លាស់នឹងត្រូវដឹកបញ្ជូនដល់កន្លែង ក្នុងរយៈពេលត្រឹមតែ ១.៥ ម៉ោង ប៉ុណ្ណោះ។

  • បណ្តាខេត្តនានា៖ រាល់ការបញ្ជាទិញពីតាមបណ្តាខេត្ត គ្រឿងបន្លាស់នឹងត្រូវដឹកជញ្ជូនទៅដល់ក្នុង ថ្ងៃតែមួយ

ការបោះជំហានវិនិយោគបន្ថែមយ៉ាងធំដុំរបស់ BYD Cambodia នាពេលនេះ គឺធ្វើឡើងក្នុងគោលដៅចម្បងដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជនឲ្យនៅតិចបំផុត និងដោះស្រាយរាល់កង្វល់របស់ម្ចាស់រថយន្តក្រោយពេលលក់។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថា រាល់ការធ្វើដំណើររបស់អតិថិជន BYD ទាំងអស់នឹងប្រកបដោយភាពកក់ក្តៅ និងងាយស្រួលជានិច្ច៕ 

Screenshot 2026 05 26 at 3.54.07 in the Afternoon